ក្រុមហ៊ុន អ័​រ​គី​ដេ ឌី​វែ​ឡុ​ប​ម៉ិ​ន និង រ៉ូ​យ៉ា​ល់​គ្រុប ចុះ​អនុស្សរណយោគយល់ បង្កើត​សាលារៀន​អន្តរជាតិ SISC លើ​ទឹកដី ទីក្រុង​អ័​រ​គី​ដេ ដឹ​ប៊ូ​តា​និ​ច​ស៊ី​ធី ជ្រោយចង្វា


07 Apr 2023

ជំ​ហ៊ាន​ថ្មី​មួយទៀត​ដែល​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ខណ្ឌ​ជ្រោយចង្វា ជា​ពិសេស​អ្នក​ដែល​រស់នៅ​ក្នុង​គម្រោង​លំនៅ​ឋាន ទីក្រុង​អ័​រ​គី​ដេ ដឹ​ប៊ូ​តា​និ​ច​ស៊ី​ធី និង​ក្បែរ​ៗ​គម្រោង​ទីក្រុង​ដ៏​ធំ​មួយ​នេះ​តែ​ម្តង ក្រោយ​ពេល​ក្រុមហ៊ុន អ័​រ​គី​ដេ ឌី​វែ​ឡុ​ប​ម៉ិ​ន និង​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប បាន​ប្រកាស​កិច្ចព្រមព្រៀង​អនុស្សរណ​យោគយល់ ក្នុង​ការ​បង្កើត​សាលារៀន​អន្តរជាតិ South Bridge International School Cambodia ថ្មី​មួយទៀត​លើ​ទឹកដី​ទីក្រុង​អ័​រ​គី​ដេ ដឹ​ប៊ូ​តា​និ​ច ស៊ី​ធី តាម​បណ្តោយ​ផ្លូវជាតិ ៦​អា ។


https://orkidevilla.com.kh/storage/images/news/6Xhu7DOamJABsHxATlZn60GcRe7f40KAx1dW0LwK.jpg

លោក គ្រួច សុភត្ត្រា នាយកគ្របគ្រងចាត់ការទូរទៅ បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចសហប្រតិបត្តិការរវាងគម្រោង អ័រគីដេ ដឹប៊ូតានិច និង សាលារៀនអន្តរជាតិ South Bridge International School Cambodia នេះ នឹងធ្វើឱ្យគុណភាពនៃការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ជ្រោយចង្វា ជាពិសេសអ្នករស់នៅក្នុងគម្រោងក្រុងអ័រគីដេ ដឹប៊ូតានិចស៊ីធី កាន់តែងាយស្រួលមួយកម្រិតទៀតក្នុងការផ្តល់នូវការសិក្សាអប់រំស្តង់ដាពិភពលោក ពីចក្រភពអង់គ្លេស តាមរយៈសាលាអន្តរជាតិដែលមានកិត្យានុភាពនៅកម្ពុជាមួយនេះ ដោយពួកគេមិនចាំបាច់ចំណាយពេលយូរក្នុងការជូនបុត្រធីតាទៅសាលារៀនដែលនៅឆ្ងាយ ចំណេញពេលវេលាពីការកកស្ទះចរាចរណ៍ ចំណេញប្រេងឥន្ធនៈ ហើយកាន់តែពិសេសនោះគឺ សុវត្តិភាព និងបរិយាកាសស្រស់ស្រាយសម្រាប់ការសិក្សាប្រកបដោយគុណភាពសម្រាប់បុត្រធីតាតែម្តង» ។

លោកក៏បានបង្ហាញនូវភាពជឿជាក់ និងមោទកភាពផងដែរថា «នេះគឺជាកិច្ចសហប្រតិបត្តិការដ៏ល្អឥតខ្ចោះមួយ ដែលជំរុញឲ្យការរស់នៅក្នុងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី កាន់តែសម្បូរបែបបន្ថែមទៀតពីលើហេដ្ឋារចនាសម្ព័ន្ធ សួនច្បារស្រស់បៃតង បឹងធម្មជាតិ ក្លឹបហាត់ប្រាណ ស្ទីមសោណាប្រណីត ផ្សារទំនើបសហគមន៍ដែលមានក្នុងនៅក្នុងប្លង់មេនៃទីក្រុងនេះ ហើយវាជាកិច្ចសហប្រតិបត្តិការដែលនឹងនាំឆ្ពោះទៅការបង្កើតធនធានមនុស្សយ៉ាងល្អបំផុត ដើម្បីក្លាយជាទំពាំងស្នងឫស្សី ក្លាយជាអ្នកដឹកនាំនៃប្រជាជាតិកម្ពុជាទាំងមូលនៅពេលអនាគតដ៏ខ្លីខាងមុខ ដែលនេះគឺបេសកកម្មដ៏មានសារៈសំខាន់មួយសម្រាប់កម្ពុជា» ។

លោកក៏បានប្តេជ្ញានឹងជម្រុញឲ្យកិច្ចសហប្រតិបត្តិការនេះឆ្ពោះទៅរកភាពជោគជ័យ ដើម្បីជាប្រយោជន៍ដល់បុត្រធីតា លោក លោកស្រីដែលរស់នៅក្នុងតំបន់នេះផងដែរ។ ហើយនេះជាឱកាសដ៏មានតម្លៃមួយផងដែរសម្រាប់សាលាអន្តរជាតិ South Bridge International School Cambodia ដែលបានសហការជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន នៅក្នុងគម្រោង ដឹប៊ូតានិចស៊ីធី ។

 
 

លោក ឡារី ស៊ីនឃ្លែរ ដែលជានាយកសាលាអន្តរជាតិ សៅប្រ៊ីដកម្ពុជា ក៏បានមានប្រសាសន៍ថា «សាខាសាលាអន្តរជាតិ South Bridge International School Cambodia ថ្មី ដែលមានទីតាំងនៅក្នុងគម្រោង ដឹប៊ូតានិចស៊ីធី នឹងនាំមកនូវសហគមន៍សិក្សាមួយដែលមានទស្សនវិស័យក្នុងការផ្តល់តម្លៃ និងលើកទឹកចិត្តដល់ភាពច្នៃប្រឌិតរបស់សិស្សានុសិស្ស ហើយតែងតែស្វែងរកឱកាសសម្រាប់ពួកគេក្នុងការចែករំលែក ក្នុងការចូលរួម ប្រកួតប្រជែង និងក្នុងការសិក្សាពីមជ្ឍដ្ឋានខាងក្រៅផងដែរ ។ គោលបំណងចំបងមួយរបស់យើងគឺរៀបចំសិស្សានុសិស្សយើង ឱ្យក្លាយជាពលរដ្ឋសកលដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមជួយដល់គ្រួសារ សង្គម និងជាតិ» ។

ហើយលោកក៏បានបញ្ជាក់បន្ថែមយ៉ាងមុតមាំថា ៖ «មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាចជឿជាក់ថាលោកគ្រូ អ្នកគ្រូដែលបានទទួលការបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ នឹងលះបង់កម្លាំងកាយចិត្ត និងលើកទឹកចិត្តសិស្សានុសិស្សយើងឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេទាំងផ្នែកសិក្សា និងជំនាញផ្សេងៗក្នុងសង្គម» ។

នេះជាសក្ខីភាពដែលបញ្ជាក់ថា ការអប់រំមិនមែនផ្តោតទៅលើតែការផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបំពេញបន្ថែមជាមួយនឹងជំនាញ គុណតម្លៃ សុជីវធម៌ និងសីលធម៌ ដែលសិស្សានុសិស្សត្រូវការជាចាំបាច់ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ៕ អត្ថបទសហការ